ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំល្អៗ ដល់ប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដើម្បីត្រៀមចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ (49th SSEAYP) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន សិង្ហបុរី និងថៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងផងដែរ។
ជាកិច្ចចាប់ផ្ដើមប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ទាំងអស់បានធ្វើការណែនាំខ្លួន និងបានស្តាប់ការចែករំលែកបទពិសោធន៍ល្អៗ ក្នុងការត្រៀមខ្លួនចូលរួមកម្មវិធី និងសកម្មភាពផ្លាស់ប្ដូរមិត្តភាព វប្បធម៌ និងកិច្ចសន្ទនានានា នៃកម្មវិធី SSEAYP ហើយឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងនូវការអបអរសាទរដល់ប្អូនៗដែលបានជាប់ជាស្ថាពរក្នុងការជ្រើសរើសតំណាងយុវជនប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីកត្តាសុខសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកដល់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័សហួសពីការស្មាន និងនាំមកនូវកិត្យានុភាពជាតិ និងឆាកអន្តរជាតិ ស្មើមុខស្មើមាត់នៅក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោកផងដែរ។
បន្ថែមពីនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានមានមតិផ្តាំផ្ញើដល់ប្រធានប្រតិភូ និងប្អូនៗទាំងអស់រក្សាឱ្យបាននូវសុខភាពល្អប្រសើរ គេង និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ចូលរួមហាត់កីឡាឱ្យបានទៀងទាត់ គោរពវិន័យ មានកិច្ចសហការក្រុមខ្ពស់ទាំងក្នុងដំណាក់កាលវគ្គបណ្តុះបណ្តាលមុនចេញដំណើរ និងចូលរួមកម្មវិធី រៀបចំផែនការ និងត្រៀមលក្ខណៈលើផ្នែកចំណេះដឹង សម្ភារៈ សកម្មភាពនានាឱ្យបានកាន់ល្អប្រសើរ និងរៀបចំអាកប្បកិរិយាឱ្យបានល្អសក្តិសមជាតំណាងជាតិ និងប្រជាជនកម្ពុជា ៕



















